លោក Elon Musk ដែលជាអ្នកបង្កើត PayPal បង្កើតរថយន្តអគ្គីសនី Tesla Cars ផ្តួចផ្តើមគំនិតបង្កើត "ទីក្រុងសូឡា" និងផលិតរថយន្ត ដែលអាចឱ្យម្ចាស់ឡានបង្កើតលុយបានពេលមិនប្រើប្រាស់វានោះ មានគំនិតអស្ចារ្យមួយទៀតហើយ។
លោក Elon Musk មានគម្រោងបង្ហោះផ្កាយរណបកម្ពស់ទាបលើដងតារាវិថីចំនួន ៤.០០០ គ្រឿងដើម្បីផ្តល់ជូនសេវាអ៊ីនធឺណេតឥតគិតថ្លៃនៅជុំវិញពិភពលោក។
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះបានលាតត្រដាងគម្រោងនេះឡើងកាលពីខែមករា ២០១៦ ជាមួយការស្នើជាផ្លូវការកំពុងដាក់ជូនទៅគណៈកម្មាការទូរគមនាគមន៍សហព័ន្ធរបស់អាមេរិកកាលពីសប្តាហ៍មុននេះ។ ប្រសិនបើគម្រោងនេះចាប់ផ្តើមដោយគ្មានបញ្ហាណាមួយទេនោះ ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណបឥតគិតថ្លៃជុំវិញពិភពលោកអាចនឹងធ្វើប្រតិបត្តិការក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត។ នេះបើផ្អែកតាមប្រភពព័ត៌មាន The Independent។
គំរូអ៊ីនធឺណេតផ្កាយរណបជុំវិញពិភពលោកនេះត្រូវបានស្នើសុំធ្វើឡើងដោយក្រុមហ៊ុនជាច្រើនរួចមកហើយ រួមទាំងក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Google និង Samsung។ ប៉ុន្តែ អ្វីដែលធ្វើឱ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk ជាបេក្ខជនប្រជែងមានសង្ឃឹមខ្ពស់ជាងគេសម្រាប់គម្រោងនេះគឺដោយសារក្រុមហ៊ុននេះមាន Hardware ស្រាប់ដើម្បីចាប់ផ្តើមគម្រោងនេះ។ ដើម្បីគ្របដណ្តប់អ៊ីនធឺណេតជុំវិញពិភពលោក ផ្កាយរណបចំនួន ៤.០០០ គ្រឿងនឹងត្រូវបង្ហោះលើដងតារាវិថីនៅកម្ពស់ទាបកៀកផែនដី។
លោក Elon Musk មានគម្រោងថ្មីសន្លាងជាច្រើន ដែលអាចផ្លាស់ប្តូរពិភពលោក។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ ពិភពលោកទាំងមូល សូម្បីនៅតំបន់ដាច់ស្រយាលបំផុតក៏នឹងមានអ៊ីនធឺណេតលឿន ឥតគិតថ្លៃគ្រប់ពេលដែរ៕
ប្រភព៖បរទេស
ConversionConversion EmoticonEmoticon